Abraham, Chilwell និង Sancho ត្រូវអង់គ្លេសឃាត់មិនឱ្យមកចូលរួមជាមួយក្រុម
ឡុងដ៍៖ កីឡាករទាំង ២ រូប របស់ក្រុម Chelsea គឺ Tammy Abraham និង Ben Chilwell ព្រមទាំងកីឡាករ Jadon Sancho របស់ក្រុម Borussia Dortmund នឹងមិនបានចូលរួមជាមួយក្រុមជម្រើសជាតិអង់គ្លេសនៅថ្ងៃចន្ទនេះទេ ក្រោយអ្នកទាំង ៣ មានមុខក្នុងវីដេអូនៅឯពិធីជប់លៀង ១ ដែលនោះបង្ហាញយ៉ាងច្បាស់ថា រំលោភលើគោលការណ៍ទប់ស្កាត់ការរាលដាលវីរុសកូរ៉ូណា។
Abraham និង Sancho ធ្វើការសុំទោស ក្រោយមានចេញខ្សែវីដេអូនោះ ដែលបង្ហាញពីរូបភាពនៃកីឡាករទាំងនោះ ចូលរួមខួបកំណើតរបស់ខ្សែប្រយុទ្ធនៃក្រុម Chelsea នាក្រុងឡុងដ៍ ជាមួយនឹងវត្តមានរបស់មនុស្សលើសពី ៦ នាក់ កាលពីថ្ងៃសៅរ៍។ តាមគោលការណ៍ណែនាំចុងក្រោយរបស់អង់គ្លេស មិនអនុញ្ញាតឱ្យមានការជួបជុំលើសពី ៦ នាក់ឡើយ។
សហព័ន្ធបាល់ទាត់របស់ប្រទេស ចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃចន្ទថា៖ «ជាការការពារទុកជាមុន ប្រសិនបើមានហានិភ័យណាមួយចំពោះក្រុមធំ អ៊ីចឹងការមកចូលរួមរបស់ Tammy Abraham, Ben Chilwell និង Jadon Sancho ត្រូវផ្អាកសិន។ នេះជាការទុកពេលប្រមូលព័ត៌មានបន្ថែមទៀតពីការជួបជុំ ដែលមានការចូលរួមរបស់កីឡាករទាំង ៣ រូប»។
កីឡាករ Abraham ប្រាប់កាសែត The Sun ថា៖ «ខ្ញុំបានមកផ្ទះ ហើយជួបនឹងការរៀបចំពញ្ញាក់អារម្មណ៍តូចមួយ។ ទោះជាខ្ញុំមិនដឹងថា នេះត្រូវបានរៀបចំទុកក៏ដោយ ក៏ខ្ញុំចង់សុំទោសដោយស្មោះអស់ពីចិត្តសម្រាប់ការយល់មិនដល់ក្នុងការចូលរួមពិធីជួបជុំនេះ។ អ្វីដែលខ្ញុំអាចធ្វើពេលនេះ គឺខ្ញុំទទួលបានមេរៀនពីកំហុសលើកនេះ។ ខ្ញុំសុំទោសគ្រប់គ្នា ហើយធានាថា នឹងគ្មានរឿងបែបនេះកើតឡើងម្ដងទៀតទេ»។
ចំណែក Sancho សរសេរផូស្តតាមគណនី Instagram ថា៖ «ខ្ញុំសុំការអភ័យទោសចំពោះការរំលោភគោលការណ៍ណែនាំរបស់រដ្ឋាភិបាល ហើយបើទោះបីខ្ញុំមិនបានដឹងពីចំនួនអ្នកមកចូលរួមកម្មវិធីក៏ពិតមែន តែខ្ញុំសូមទទួលខុសត្រូវទាំងស្រុងនូវទង្វើរបស់ខ្ញុំ»។
គេមិនទាន់ដឹងថា កីឡាករទាំង ៣ រូបនេះ នឹងមានវត្តមាន ឬអត់ ពេលក្រុមអង់គ្លេសប៉ះក្រុមវេលល៍ ក្នុងជំនួបមិត្តភាពអន្តរជាតិនៅថ្ងៃព្រហស្បតិ៍ ហើយបន្ទាប់មកប្រកួតជាមួយនឹងក្រុមភ្ញៀវបែលហ្ស៊ិក និងដាណឺម៉ាក សម្រាប់កម្មវិធី Nations League៕ AFP/VN