Chelsea, Liverpool និង Leicester ត្រូវការឈ្នះដូចគ្នាដើម្បីឈ្នះកៅអីក្នុង CL
ការប្រជែងដណ្តើមកៅអីក្នុងក្របខ័ណ្ឌ Champions League តាមរយៈចំណាត់ថ្នាក់ក្នុង Premier League នៅរដូវកាលនេះ នឹងឈានដល់ការកាត់សេចក្តីក្នុងដំណាក់កាលចុងក្រោយ នាចុងសប្តាហ៍នេះ។ ក្រុមខ្លាំង៣ រួមមាន Chelsea, Liverpool និង Leicester នៅសល់រយៈពេល៩០នាទីទៀតដើម្បីប្រជែងយកកៅអីក្នុងក្របខ័ណ្ឌ Champions League នារដូវកាលក្រោយ។
ក្រុមម្ចាស់ជើងឯក Manchester City បានឈ្នះសិទ្ធិរួចជាស្រេចសម្រាប់ការប្រកួតវគ្គចែកពូលក្នុងរដូវកាលឆ្នាំ២០២១-២០២២ រួមជាមួយនឹងក្រុម Manchester United ដែលមានសុវត្ថិភាពក្នុងការដណ្តើមបានលេខ២រួចជាស្រេច។ ប៉ុន្តែ មានគម្លាតពីគ្នាត្រឹមតែ១ពិន្ទុគត់រវាងក្រុមឈរលេខ៣ Chelsea និងក្រុមឈរលេខ៥ Leicester ដែលស្ថិតនៅក្រោម Liverpool ដោយសារតែគ្រាប់បាល់។ ការមិនស្គាល់ចាញ់សោះពីការប្រកួត៩លើកជាប់ៗវគ្នា រួមទាំងការឈ្នះការប្រកួត៤លើកចុងក្រោយរបស់ខ្លួន បានជួយឲ្យក្រុមរបស់លោក Jurgen Klopp ឡើងឈរពីលើក្រុម Leicester ដោយសារតែមានគ្រាប់បាល់ច្រើនជាងគេ។ ការមានគ្រាប់បាល់ច្រើនជាង៤គ្រាប់ មានន័យថា ប្រសិនបើ Liverpool ផ្តួលក្រុម Crystal Palace នៅថ្ងៃអាទិត្យ ក្រុម Leicester ត្រូវតែផ្តួលក្រុម Tottenham Hotspur តាមរយៈការស៊ុតបាល់បញ្ចូលទីឲ្យបានច្រើន ដើម្បីឈ្នះកៅអី Champions League ជាលើកទី២ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន៕
ប្រភពព័ត៌មាន៖ BBC
Comments are closed.