លោក Guardiola ជាប់ជាអ្នកចាត់ការទូទៅឆ្នើមប្រចាំឆ្នាំរបស់អង់គ្លេស
លោក Pep Guardiola គ្រូបង្វឹករបស់ក្លិប Manchester City កាលពីថ្ងៃចន្ទ ត្រូវបានបោះឆ្នោតឲ្យជាប់ជាអ្នកចាត់ការទូទៅឆ្នើមប្រចាំឆ្នាំរបស់សមាគមអ្នកចាត់ការទូទៅប្រចាំលីករបស់អង់គ្លេស។ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ បានដឹកនាំឲ្យក្រុម Man City ឈ្នះពាន Premier League ជាលើកទី៣ក្នុងរយៈពេល៤ឆ្នាំ ហើយក៏បានដឹកនាំឲ្យក្រុមរបស់លោកលើកពាន Carabao Cup នៅរដូវកាលនេះ ផងដែរ។
Man City នឹងត្រូវប្រកួតជាមួយនឹងក្រុម Chelsea ក្នុងក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ នាថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ។ លោក Guardiola អតីតអ្នកចាត់ការទូទៅរបស់ Barcelona និង Bayern Munich បានឈរលេខ១ក្នុងការបោះឆ្នោត ខណៈដែលបេក្ខភាពឈានមុខគេផ្សេងទៀតរួមមាន លោក Marcelo Bielsa របស់ Leeds United លោក Daniel Farke របស់ក្លិប Norwich លោក Emma Hayes គ្រូបង្វឹកក្រុមស្ត្រីរបស់ Chelsea លោក David Moyes របស់ West Ham និងលោក Brendan Rodgers របស់ Leicester។ លោក Guardiola បានឲ្យដឹងថា៖ «ខ្ញុំពិតជារីករាយណាស់ក្នុងការឈ្នះពានអ្នកចាត់ការទូទៅឆ្នើមប្រចាំឆ្នាំ ជាលើកទី២។ នេះគឺជាពានរង្វាន់ដ៏សំខាន់ដែលខ្ញុំបានឈ្នះ ពីព្រោះវាជាការឆ្នោតពីអ្នកចាត់ការទូទៅដូចគ្នា»៕
ប្រភពព័ត៌មាន៖ BBC
Comments are closed.