for your free time

- Advertisement -

CPL សប្ដាហ៍ទី 14៖ ក្រោនជួបវិសាខាល្ងាចនេះ ខណៈ 4ប្រកួតមុន ម្ចាស់ផ្ទះចាញ់ទាំងអស់

3

ក្រុមម្ចាស់ផ្ទះ 4ក្រុម សុទ្ធតែចាញ់ក្នុងជំនួបសប្ដាហ៍ទី14 នៃលីគកំពូលកម្ពុជា ឆ្នាំ2023/24 កាលពីចុងសប្ដាហ៍កន្លងទៅ គ្រាដែលក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន ត្រូវបើកទ្វារស្វាគមន៍ក្រុមភ្ញៀវវិសាខា បង្គ្រប់សប្ដាហ៍ នាវេលាម៉ោង 6ល្ងាចថ្ងៃទី18 ខែធ្នូនេះ នៅកីឡដ្ឋាន Smart RSN។ សម្រាប់លទ្ធផល 4ប្រកួតក្នុងសប្ដាហ៍ទី14 ដែល

ក្រុមភ្ញៀវទទួលបានជ័យជម្នះនោះ រួមមានក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ បានចាញ់ក្រុមព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផល 7-1 នៅកីឡដ្ឋានហនុមាន ខេត្តសៀមរាប ។ គ្រាប់បាល់ជ័យជម្នះរបស់ក្រុមកំពូលតារាងនេះ ធ្វើសម្រេចដោយកីឡាករ Mrcus Haber 3គ្រាប់, កីឡាករ មិន រតនៈ, Gabriel Silva Costa និង Takashi Odawara ម្នាក់ 1គ្រាប់ ខណៈ 1គ្រាប់របស់អង្គរថាយហ្គឹរ រកបានដោយកីឡាករ សុវណ្ណ ដូណា នៅនាទី56។

ចំណែកក្រុមគីរីវង់សុខសែនជ័យវិញ បានចាញ់ក្រុមភ្ញៀវបឹងកេត ដោយលទ្ធផល 6-0 នៅកីឡដ្ឋានគិរីវង់ ខេត្តតាកែវ ។ ជំនួបជើងទី2 នេះ ក្រុមនាគខៀវ ធ្វើបានយ៉ាងល្អ ដោយរកបាន 4គ្រាប់ នៅវគ្គទី1 មុនបន្ថែម ២គ្រាប់ទៀត នៅវគ្គទី2 ក្នុងនោះកីឡាករជប៉ុន Yoshihama Ryohei ធ្វើបាន Hat-Trick ៣គ្រាប់ម្នាក់ឯង រួមជាមួយមិត្តរួមក្រុម Golubovic Stefan, ជា វេសលី និង Tachibana Yusuke ម្នាក់ 1គ្រាប់។

- Advertisement -

អ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺក្រុម ISI ដង្កោសែនជ័យ ដែលបានវាយបកយកឈ្នះក្រុមម្ចាស់ផ្ទះណាហ្គាវើលដ៏ ដោយលទ្ធផល 3-2 នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ ។ ជំនួបជើងទី2 ដ៏តានតឹងនេះ ណាហ្គាវើលដ៏ បានបើកការនាំមុខក្រុមភ្ញៀវ 2គ្រាប់មុន ដោយកីឡាករ ជា ច័ន្ទដារ៉ា និង Naruse Yuta នៅនាទីទី4 និងនាទីទី9 មុនកីឡាករ De Oliveira Jhon Frith វាយបកបាន 1គ្រាប់នៅចុងវគ្គទី1 ។ លុះចូលវគ្គទី2 ក្រុមទាំងពីរ បានព្យាយាមវាយសម្រុកគ្នាកាន់តែខ្លាំង ពិសេសក្រុម ISI ដង្កោសែនជ័យ រហូតពួកគេរកបាន ២គ្រាប់នៅចុងម៉ោង ដោយកីឡាករ Louis Willy នៅនាទី83 និងនាទី90+2 ដើម្បីធានាជ័យជម្នះលើក្រុមម្ចាស់ផ្ទះ 3-2 តែម្ដង។

រីឯក្រុមព្រៃវែងអេហ្វស៊ី ក៏ស្រដៀងនឹងបេក្ខភាពឡើងមកពីលីគទី2 ដូចគ្នាដែរ បន្ទាប់ពីពួកគេ បានវាយបកយកឈ្នះក្រុមម្ចាស់ផ្ទះកងយោធពលខេមរភូមិន្ទ 4-2 ។ ជំនួបនៅកីឡដ្ឋានស្ដាតចាស់នេះ កងយោធពលខេមរភូមិន្ទ បាននាំមុខ 1គ្រាប់មុន នៅវគ្គទី1 ដែលបញ្ចប់ទីដោយកីឡាករ Kinoshita Reiya នៅនាទី40 ។ បន្ទាប់មកព្រៃវែង ក៏វាយបកបាន 3គ្រាប់ភ្លាមៗ នៅដើមវគ្គទី2 ដោយកីឡាករ វឿន វ៉ា នៅនាទី48, សន សុវត្ថិ នៅនាទី60 និងកីឡាករ Thiha Zaw នៅនាទី63 មុនកីឡាករ ញាណ សុស៊ីដាន រកបានគ្រាប់ទី2 ឲ្យក្រុមម្ចាស់ផ្ទះ ។ ប៉ុន្ដែនៅចុងម៉ោង កីឡាករកូតាអាស៊ាន Thiha Zaw ដដែលក៏រកបានគ្រាប់ទី4 ឲ្យក្រុមព្រៃវែង នៅនាទី84 ហើយលទ្ធផលនេះ ក៏រក្សាដល់ចប់ការប្រកួតពេញម៉ោង។

ដោយឡែកក្រុមភ្នំពេញក្រោន ក្រោយចប់ភារកិច្ចក្នុងការប្រកួតវគ្គចែកពូល នៃពានរង្វាន់ AFC Cup 2023/24 ក្រៅដីជាមួយក្រុម Shan United របស់មីយ៉ាន់ម៉ា កាលពីថ្ងៃទី14 ខែធ្នូ កន្លងទៅ ពួកគេនឹងត្រូវបើកទ្វារផ្ទះទទួលក្រុមវិសាខា បង្គ្រប់សប្ដាហ៍ទី14 នៃលីគកំពូលកម្ពុជា បន្ទាប់ពីជើងទី1 ពួកគេបានយកឈ្នះក្រៅដី 1-0 ។ នេះគឺជាជំនួបដ៏ធំប្រចាំសប្ដាហ៍ ហើយការប្រកួតនេះ ក៏នឹងមានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News ផងដែរ។

ក្រឡេកមកចាប់អារម្មណ៍តារាងពិន្ទុបណ្ដោះអាសន្នវិញ ក្រុមព្រះខ័នរាជស្វាយរៀង បន្ដឈរកំពូលតារាង មាន 34ពិន្ទុ បន្ទាប់ពីឆ្លងកាត់ 14ប្រកួតឈ្នះ 11 ស្មើ 1 និងចាញ់ 2 គ្រាដែលភ្នំពេញក្រោន ឈរលេខ2 មាន 27ពិន្ទុ និងវិសាខា ឈរលេខ3 មាន 26ពិន្ទុ មុនការប្រកួតល្ងាចនេះ ។ រីឯក្រុម ISI ដង្កោសែនជ័យ បន្ដឈរលេខ4 និងមាន 23ពិន្ទុ នាំមុខក្រុមបឹងកេត ដែលរកបាន 19ពិន្ទុ ឈរលេខ5 ។ ចំណែកក្រុមព្រៃវែងអេហ្វស៊ី បានឡើងមកឈរលេខ6 និងមាន 18ពិន្ទុ គ្រាដែលកងយោធពលខេមរភូមិន្ទ បានធ្លាក់ទៅឈរលេខ៧ ដោយរក្សា 16ពិន្ទុក្នុងដៃ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

- Advertisement -

- Advertisement -

Comments are closed.