Newcastle ត្រៀមនាំយក Wood ពី Burnley ដើម្បីពង្រឹងក្រុម
ខ្សែប្រយុទ្ធ Chris Wood ទំនងដូចជាត្រូវចាកចេញពីក្លិប Burnley ទៅកាន់ក្លិប Newcastle United ស្របពេលដែលមានព័ត៌មានជាច្រើនថា ការផ្ទេរនេះ អាចនឹងត្រូវបំពេញជាផ្លូវការក្នុងពេលឆាប់ៗនេះ។ ខ្សែប្រយុទ្ធកនណ្តាលរូបនេះ គឺជាគោលដៅរបស់លោក Eddie Howe ស្របពេលដែលពួកគេសម្លឹង
រកការពង្រឹងក្រុមរបស់ខ្លួន ក្នុងការប្រជែងដើម្បីគេចឲ្យផុតពីតំបន់កាត់ចោល។ Wood ត្រូវបានគ្រោងដើម្បីទទួលការត្រួតពិនិត្យសុខភាព រួចរាល់ហើយ ក្រោយពី Newcastle បានយល់ព្រមបង់ប្រាក់រំលាយកិច្ចសន្យារបស់គេជាមួយនឹងក្លិប Burnley ចំនួន២០លានផោន (ស្មើនឹង២៧,២៧លានដុល្លារអាមេរិក)។ Wood ដែលកិច្ចសន្យារបស់គេជាមួយនឹងក្លិប Burnley បន្តរហូតដល់ឆ្នាំ២០២៣នោះ មានបទពិសោធគ្រប់គ្រាន់់ក្នុងក្របខ័ណ្ឌ Premier League ហើយក៏ជាធ្លាប់ស្ថិតក្នុងដំណាក់កាលនៃការប្រជែងគេចឲ្យផុតពីតំបន់កាត់ចោលផងដែរ។ Wood បានស៊ុតបាល់បញ្ចូលទី៣គ្រាប់ក្នុងការបង្ហាញខ្លួន១៨លើកក្នុងក្របខ័ណ្ឌលីក នៅរដូវកាលនេះ ដែលជាចំនួនតិចជាងកម្រិតមធ្យមរបស់គេកាលពីមុន ដោយរូបគេធ្លាប់រកបាន១គ្រាប់ រៀងរាល់៣ប្រកួត។ ប្រសិនបើអ្វីៗដំណើរការតាមផែនការ កីឡាករវ័យ៣០ឆ្នាំរូបនេះ ដែលបានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនរួចជាស្រេច នឹងបង្ហាញខ្លួនជាលើកដំបូងរបស់គេពេលទទួលក្រុម Watford លើ ទឹកដីខ្លួនឯងនៅថ្ងៃសៅរ៍ សប្តាហ៍នេះ៕
ប្រភពព័ត៌មាន៖ BBC
Comments are closed.