ក្រុមបាល់ទាត់ជម្រើសជាតិដាណឺម៉ាក បានឈានទៅវគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ Euro ឆ្នាំ២០២០ កាលពីថ្ងៃចន្ទ ក្រោយពីបានកត់ត្រាជ័យជម្នះយ៉ាងកក់ក្តៅក្នុងលទ្ធផល ៤-១ លើក្រុមជម្រើសជាតិរុស្ស៊ី ស្របពេលដែលក្រុមជ្រើសជាតិបែលហ្ស៊ិក បានផ្តួលក្រុមជម្រើសជាតិហ្វាំងឡង់ក្នុងលទ្ធផល ២-០ ដើម្បីបញ្ចប់ដោយការឈរលេខ១ក្នុងពូល B។
ដាណឺម៉ាក បានដឹងថា ពួកគេត្រូវតែផ្តួលក្រុមជម្រើសជាតិរុស្ស៊ី តាមរយៈការរកឲ្យបានគ្រាប់បាល់យ៉ាងហោចណាស់២គ្រាប់ និងសង្ឃឹមថា ក្រុមឈរលេខ១បែលហ្ស៊ិក ផ្តួលក្រុមជម្រើសជាតិហ្វាំងឡង់ ក្នុងទីក្រុង Saint Petersburg ដើម្បីដណ្តើមយកចំណាត់ថ្នាក់លេខ២ក្នុងពូល B បើទោះបីចាញ់២លើកពីការប្រកួតបើកឆាកទាំង២លើករបស់ខ្លួនក៏ដោយ។ ក្រុមដាណឺម៉ាក របស់លោក Kasper Hjulmand នឹងត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិវេលស៍ ក្នុងវគ្គ១៦ក្រុមចុងក្រោយ ក្នុងទីក្រុង Amsterdam នៅថ្ងៃសៅរ៍។ លោក Maehle បានប្រាប់ទូរទស្សន៍ដាណឺម៉ាក DR ថា៖ «រឿងដ៏សំខាន់បំផុតនោះគឺថា ពេលនេះ យើងមានរួមចិត្តរួមថ្លើមតែមួយក្នុងនាមជាក្រុមដាណឺម៉ាក»។ ដោយឡែក ក្រុមជម្រើសជាតិអូទ្រីស ក៏បានយកឈ្នះលើក្រុមជម្រើសជាតិអ៊ុយក្រែន ១-០ ដើម្បីឈានទៅវគ្គបន្ត ផងដែរ។ លទ្ធផលក្នុងការប្រកួតពូល B ក៏បានជួយឲ្យក្រុមជម្រើសជាតិស្វ៊ីស ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ក្នុងពូល A សាធារណឆែក អង់គ្លេស ស៊ុយអែត និងបារាំង ដែលនៅតែត្រូវលេងការប្រកួតចុងក្រោយរបស់ខ្លួន ទៅវគ្គ១៦ក្រុមផងដែរ៕
ប្រភពព័ត៌មាន៖ AFP