លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្រុម Liverpool បានបញ្ជាក់ថា អ្នកចាត់ការទូទៅនានា នឹងជួបប្រជុំគ្នាជាមួយនឹងក្របខ័ណ្ឌ Premier League នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាលើបញ្ហានានា ជុំវិញការឆ្លងវីរុសកូវីដ 19។ ការប្រកួត9លើកក្នុងចំណោមការប្រកួត20លើកចុងក្រោយ ត្រូវបានពន្យារពេល
ប៉ុន្តែ ក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League បានសម្រេចកាលពីថ្ងៃចន្ទថា មិនមានអ្វីត្រូវផ្លាស់ប្តូរ ចំពោះកម្មវិធីប្រកួតនារដូវបុណ្យទានឡើយ។ ការបញ្ជាក់របស់លោក Klopp បានកើតឡើង ក្រោយពី Liverpool បានវាយបកពីការដេញតាមពីក្រោយ2គ្រាប់ ដើម្បីផ្តួលក្រុម Leicester ដោយការស៊ុតបាល់ប៉េណាល់ទី ក្រោយពីការប្រកួតពាន League Cup វគ្គ8ក្រុមចុងក្រោយដ៏ស្វិតស្វាញរបស់ពួកគេ បានបញ្ចប់ក្នុងលទ្ធផលស្មើ 3-3 នាកីឡដ្ឋាន Anfield កាលពីថ្ងៃពុធ។ ស្របពេលជាមួយគ្នានេះ Tottenham និង Chelsea ក៏បានឈានទៅគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ផងដែរ។ ក្រុម Spurs បានយកឈ្នះក្នុងលទ្ធផល 2-1 លើក្រុម West Ham ស្របពេលដែលក្រុម Chelsea បានរកគ្រាប់បាល់2គ្រាប់នៅជិតបញ្ចប់ការប្រកួត ដើម្បីផ្តួលក្រុម Brentford 3-0។ រាល់ការប្រកួតទាំង3លើក បានដំណើរការជាធម្មតា ពីមុខអ្នកគាំទ្រដ៏ច្រើនកុះករ បើទោះបីមានការបារម្ភពីការផ្ទុះឡើងវិញនៃការឆ្លងវីរុសកូរ៉ូណាក៏ដោយ ក្រោយពីមានករណីឆ្លងជាច្រើនក្នុងក្របខ័ណ្ឌ Premier League ដែលនាំឲ្យមានការពន្យារពេលការប្រកួតជាច្រើនកាលពីចុងសប្តាហ៍មុន៕
ប្រភពព័ត៌មាន៖ BBC