ការខកចិត្តរបស់ក្រុម Bayern Munich ក្នុងពេលចាញ់ក្រុម Villarreal ក្នុងការប្រកួតក្របខ័ណ្ឌ Champions League ត្រូវបានធ្វើឲ្យឈានទៅកាន់កម្រិតធ្ងន់ធ្ងរបន្ថែមទៀត ក្រោយពីលោកគ្រូបង្វឹក Julian Nagelsmann បានបញ្ជាក់ថា ក្រុមរបស់លោកពិតជាមានសំណាងណាស់ដែលចាញ់ត្រឹមលទ្ធផល 1-0 ក្នុងការប្រកួតវគ្គ8ក្រុមចុងក្រោយ
ជើងទី1 កាលពីថ្ងៃពុធ។ ខ្សែបម្រើស្លាប Arnaut Danjuma បានស៊ុតបាល់កាត់សេចក្តីតែ1គ្រាប់ក្នុងការប្រកួត ហើយក្រុម Bayern ពិតជាមានសំណាងណាស់ដែលពួកគេនឹងត្រូវវិលទៅកាន់ប្រទេសអាល្លឺម៉ង់វិញ ដោយមិនរបូតគ្រាប់បាល់ឲ្យច្រើនជាងនេះ ក្រោយពីខ្សែប្រយុទ្ធ Gerard Moreno របស់ Villarreal បានបង្កើតឱកាសល្អៗចំនួន2លើក។ លោក Nagelsmann បានប្រាប់សារព័ត៌មាន៖ DAZN ថា៖ «យើងសមនឹងទទួលបរាជ័យហើយ។ យើងលេងមិនល្អឡើយ។ ក្នុងតង់ទី1 យើងមិនមានថាមពលគ្រប់គ្រាន់ឡើយ យើងមិនបានបង្កើតឱកាសច្រើនសម្រាប់ខ្លួនយើងឡើយ ហើយយើងបោះបង់ការគ្រប់គ្រង់បាល់»។ Moreno បានស៊ុតបាល់ប៉ះនឹងបង្គោលទី ហើយបន្ទាប់មក បានស៊ុតបាល់កោងពីចម្ងាយខុសទីតែបន្តិចប៉ុណ្ណោះ ក្រោយពីអ្នកចាំទី Manuel Neuer របស់ Bayern បានព្យាយាមសង្គ្រោះបាល់ខុស ក្រោយពីបាល់រត់ខុសទីទៅហើយនោះ។ លោក Nagelsmann បានបន្ថែមទៀតថា៖ «យើងពិតជាមានសំណាងណាស់ដែលយើងមិនរបូតគ្រាប់បាល់ ដោយសារតែហុសនេះ»៕
ប្រភពព័ត៌មាន៖ Channel News Asia