ខ្សែបម្រើប្រយុទ្ធដ៏មានឥទ្ធិពល Kevin De Bruyne បានរំឭកដល់ក្រុម Manchester City កុំអាលទាន់សុបិនដល់ការឈ្នះពានក្របខ័ណ្ឌ Premier League ក្រោយពីការបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយនឹងក្រុម Liverpool កាលពីថ្ងៃអាទិត្យ បានធ្វើឲ្យពួកគេស្ថិតក្នុងទីតាំងដ៏រឹងមាំឆ្ពោះទៅកាន់ការការពារពានរបស់ពួកគេ។
De Bruyne បានឲ្យដឹងថា៖ «ខ្ញុំដឹងថា មនុស្សជាច្រើនបាននិយាយថា ក្រុមណាដែលឈ្នះការប្រកួតនេះ នឹងលើកពាន។ ប៉ុន្តែ ខ្ញុំគិតថា ក្រុមទាំង២មិនគិតបែបនេះឡើយ ព្រោះកម្មវិធីប្រកួតពិតជាតានតឹងសម្រាប់ក្រុមទាំង២ ក្នុងការឈ្នះរាល់ការប្រកួតដែលនៅសល់ទាំងអស់»។ ជាមួយគ្នានេះ លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ Liverpool បានធ្វើការប្រៀបធៀបការប្រកួតដ៏រំភើបរបស់ក្រុមលោកជាមួយនឹងក្រុម Man City នឹងការប្រកួតគ្នាយ៉ាងស្វិតស្វាញរវាងកីឡាករប្រដាល់ដណ្តើមរង្វាន់២នាក់ ដោយបញ្ជាក់ថា គ្មានក្រុមណាអាចធ្វេសប្រហែសបានឡើយ សូម្បីតែ១វិនាទី។ លោក Klopp បានប្រាប់សារព័ត៌មាន Sky Sports ថា៖ «នេះពិតជាការប្រកួតដ៏អស្ចារ្យ។ ការប្រកួតដ៏ស្វិតស្វាញ ហើយ Man City បានចាប់ផ្តើមយ៉ាងល្អ ប៉ុន្តែ អ្នកអាចចាត់ទុកថា ដូចជាការប្រកួតប្រដាល់អ៊ីចឹង។ បើអ្នកទម្លាក់ដៃទាំង២ចុះក្រោមត្រឹមតែ១វិនាទី នោះអ្នកនឹងរងនូវការវាយឲ្យសន្លប់ធំមិនខាន»៕
ប្រភពព័ត៌មាន៖ worldsoccertalk