លោក Juergen Klopp អ្នកចាត់ការទូទៅរបស់ក្រុម Liverpool បានតាស់តឿនដល់ក្រុមខ្លួនកុំឲ្យមើលស្រាលក្រុមធ្លាក់ទម្រង់លេង Manchester United បានចាត់ទុកការប្រកួតនៅរាត្រីនេះ គឺជាការជួបគ្នា «រវាងក្លិបដ៏ធំបំផុត2ក្នុងពិភពលោក»។ លោកបាននិយាយថា ក្រុមរបស់លោក នឹងត្រូវស្ថិតក្នុងស្ថានភាពល្បងសមត្ថភាពដ៏តានតឹង
បំផុត បើទោះបីគូប្រកួតរបស់ពួកគេកំពុងតែត្រដាបត្រដួស នៅរដូវកាលនេះក៏ដោយ។ ក្រុមឈរលេខ2 Liverpool កំពុងតែដេញតាមពីក្រោយក្រុម Manchester City ដែលកំពុងនាំមុខលើកំពូលតារាងក្របខ័ណ្ឌ Premier League ចំនួន1ពិន្ទុ ស្របពេលដែល Man United ស្ថិតក្នុងចំណាត់ថ្នាក់លេខ5 ដោយតាម៣ពិន្ទុពីក្រោយក្រុម Tottenham Hotspur ដែលកំពុងគ្រប់គ្រងចំណាត់ថ្នាក់ចុងក្រោយដែលឈ្នះកៅអីក្របខ័ណ្ឌ Champions League។ លោក Klopp បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃចន្ទថា៖ «វាគឺជាការប្រកួតដ៏ធំមួយ ដែលជាការប្រកួតដ៏កក្រើក រវាងក្លិប2ក្នុងចំណោមក្លិបដ៏ធំបំផុតក្នុងពិភពលោក។ យើងតែងតែរៀនដោះស្រាយជាមួយនឹងការប្រកួតបែបនេះជានិច្ច»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «ក្រុម Man United ដែលយើងនឹងជួបប្រកួត នឹងព្យាយាមបង្ហាញពីសមត្ថភាពរបស់ពួកគេ។ ពួកគេចង់ទៅលេងក្នុងក្របខ័ណ្ឌ Champions League។ វានឹងក្លាយជាការប្រកួតដ៏តានតឹងរយៈពេល90នាទី។ វាគឺជាការប្រកួតដ៏សំខាន់សម្រាប់ក្រុមទាំង2 នឹងប្រជែងយកឈ្នះរៀងខ្លួន»៕
ប្រភពព័ត៌មាន៖ worldsoccertalk