លោក Klopp រំពឹងរកឃើញចម្លើយពីការធ្លាក់ចុះទម្រង់លេងពេលប៉ះ Ajax រាត្រីនេះ

លោក Jurgen Klopp បាន​និយាយ​កាលពីថ្ងៃចន្ទ​ថា លោក​បាន​ចំណាយ​ពេល​ជា​ច្រើន​ដើម្បីសិក្សា​ទៅលើ​​ការ​បង្ហាញពី​ទម្រង់​លេង​យ៉ាង​អន់​របស់ Liverpool ក្នុង​ពេល​ចាញ់​ក្រុម Napoli ក្នុងលទ្ធ​ផល 4-1 ដែល​ធ្វើ​ឲ្យក្រុម​ម្ចាស់​ជើង​ឯក​រង​នៃ​ក្រប​ខ័ណ្ឌ Champions League មួយ​នេះ មិន​ត្រូវ​ឲ្យ​មានកំហុស​ទៀត​ឡើយ​ក្នុងក្រប​ខ័ណ្ឌ​អឺ​រ៉ុប​។

ក្រុម​ឡើង​ទម្រង់​លេង Ajax នឹង​ធ្វើ​ដំណើរ​ទៅកាន់​ទឹកដី Anfield នៅ​រាត្រីនេះ ក្រោយពី​ទើប​តែ​បាន​យកឈ្នះ​លើ​ក្រុម Rangers ក្នុងលទ្ធ​ផល 4-0 កាលពីថ្ងៃ​ប្រកួត​បើកឆាក ហើយ​ពួកគេ​នឹង​សម្លឹង​រកបន្ថែម​ការ​ឈឺ​ចាប់​មួយ​កម្រិត​ទៀត​​ដល់ Liverpool ដែល​ទំនង​ដូច​ជា​អស់​សាំង​ហើយ​។ Liverpool បានកត់​ត្រា​ជ័យ​ជម្នះ​ត្រឹម​តែ2លើក​គត់ ក្នុង​ចំណោម​ការ​ប្រកួត​​លីគ​ទាំង​៧លើក​ដំបូង​របស់​ពួក​គេ ក្នុងនោះ​រាប់​បញ្ចូល​ទាំង​ជ័យ​ជម្នះ​លើ​ក្រុម Newcastle នៅ​ជិត​បញ្ចប់​ការ​ប្រកួត​ផង​ដែរ​។ ប៉ុន្តែ សូម្បី​តែ​លោក Klopp ក៏​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ភាព​ទន់​ខ្សោយ​របស់​លោក​នៅលើ​ទឹកដីក្រុម Napoli ផ​ងដែរ ខណៈ​ដែលក្រុម​របស់​អុីតាលីមួយនេះ បាន​ស៊ុត​បាល់​ប៉េណាល់​ទី​អត់​ចូល​ទី​1គ្រាប់ និង​ខ្ជះ​ខ្ជាយ​ឱកាស​ជាច្រើន ក្នុងការ​ធ្វើ​ឲ្យ​ Liverpool កាន់​តែ​មានភាព​អា​ម៉ាស់​។ ក្នុង​សន្និ​សីទសារ​ព័ត៌​មាន​មួយ មុន​ពេល​ប៉ះ Ajax លោក Klopp បានឲ្យដឹងថា៖ «ខ្ញុំ​បាន​ទស្ស​នា​ការ​ប្រកួត​នោះ​ជាច្រើន​លើក ហើយ​​វា​គឺ​ជា​ការ​បង្ហាញពី​ទម្រង់​លេង​ដ៏អន់​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia