ខ្សែការពារវិសាខា ស៊ិន សុផាណាត់ បំប៉ោងសំណាញ់ទីហុងកុងនៅនាទី 90 ទៅហើយ ក្រោយទទួលបាល់ទាត់ជ្រុងពីខ្សែប្រយុទ្ធបឹងកេត ចាន់ វឌ្ឍនាកា ជួយឱ្យម្ចាស់ផ្ទះកម្ពុជារកបានលទ្ធផលស្មើគ្នា 1-1 លើវាលស្មៅពហុកីឡដ្ឋានជាតិ ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ប្រមាណជាង 21,000នាក់ ក្នុងជំនួបមិត្តភាពអន្តរជាតិ
អំឡុង FIFA Day ។ ក្នុងជំនួបជាលើកទី 9 នៃកំណត់ត្រារបស់ក្រុមជម្រើសជាតិទាំងពីរ ដែលចាប់ផ្ដើមនៅម៉ោង 7យប់ ថ្ងៃព្រហស្បតិ៍នេះ ភ្ញៀវហុងកុងនៅតែដាក់សម្ពាធលើម្ចាស់ផ្ទះដូចសព្វមួយដង តែក៏ពុំអាចរកគ្រាប់បាល់បានលឿនដូចមុនដែរ។ ចង្វាក់នៃការលេងដ៏យល់ចិត្ត និងស៊ីចង្វាក់គ្នា ធ្វើឱ្យហុងកុងអាចបង្កព្យុះភ្លៀងយ៉ាងខ្លាំងមុខសំណាញ់ទីកម្ពុជា ពិសេសកីឡាករហុងកុងដើមកំណើតប្រេស៊ីល Everton Carmago កូនកាត់ចិន-ណូវែលស៊ីឡង់ Matthew Orr និងខ្សែប្រយុទ្ធវ័យ 23ឆ្នាំ Sun Ming Him ។
យ៉ាងណាក្ដី ហុងកុងនៅតែមានឱកាសនៅមុខលើកម្ពុជា ពោលនៅនាទីទី 22 ខ្សែការពារណាហ្គាវើលដ៍ ឈង់ ប៊ុនណាត បានលូកស្កាត់ការប៉ុនប៉ងរបស់ Sun Ming Him នៅចំពីលើដំបូលទូក ដែលធ្វើឱ្យអាជ្ញាកណ្ដាលហ្វីលីពីន Clifford ផ្ដល់បាល់ Free kick ទៅក្រុមភ្ញៀវ។ Everton Camargo ដែលទើបលាសញ្ជាតិប្រេស៊ីល និងទទួលបានលិខិតឆ្លងដែនកាលពីចុងខែសីហានោះ បានទាត់បញ្ចូលទីយ៉ាងល្អ បើកការនាំមុខឱ្យហុងកុង ហើយក៏ជាគ្រាប់បាល់ទី 1 ក្នុងការបង្ហាញខ្លួនលើកដំបូងរបស់គេផងដែរ។ ក្រុមម្ចាស់ផ្ទះក៏ព្យាយាមវាយបកវិញដែរ តែវគ្គទី 1 បញ្ចប់ទៅត្រឹមលទ្ធផល 0-1។
វគ្គទី 2 បានចាប់ផ្ដើម ហើយក៏ជាពេលដែលកម្ពុជាបើកការវាយសម្រុកយ៉ាងសន្ធាប់ទៅលើហុងកុង ស្របពេលក្រុមភ្ញៀវក៏មិនឱ្យម្ចាស់ផ្ទះធ្វើអ្វីស្រេចតែចិត្តដែរ។ ក្រុមទាំងពីរមានឱកាសទៅវិញទៅមករៀងខ្លួន តែមិនអាចធ្វើអ្វីគ្នាបានឡើយ។ លោក Felix Dalmas បានប្ដូរកីឡាករជាបន្ទាប់ដូចជា រ៉ឹង ប៊ុនហៀង និង គង់ លីហួរ នៅនាទី 63 ក៏ដូចជាការពង្រឹងតំបន់ប្រយុទ្ធ ដោយការផ្លាស់ប្ដូរ ចាន់ វឌ្ឍនាកា និង នីកូឡាស ថៃល័រ នៅនាទី 75។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ វត្តមានរបស់ខ្សែប្រយុទ្ធថ្មីបឹងកេត ចន្ថា ចន្ធាកា ប្ដូរចូលភ្លាម គេមានឱកាសទាត់សម្ដៅទីភ្លាមផងដែរ ក្រោយទទួលបាល់ពីមិត្តរួមក្រុម ចាន់ វឌ្ឍនាកា ហើយវាក៏បានក្លាយជាឱកាសទទួលបានបាល់ប៉េណាល់ទីរបស់កម្ពុជា ដោយសារបាល់រត់បុកបង្គោលឡងត្រលប់មកវិញ អ្នកចាំទី និងជាប្រធានក្រុមហុងកុង Yapp Hung Fai ព្យាយាមស្រវាចាប់ តែចំជើង រ៉ឹង ប៊ុនហៀង ក្នុងប្រអប់។
ឱកាសបញ្ចប់ការខកខានរកគ្រាប់បាល់ឱ្យក្រុមជម្រើសជាតិ 659ថ្ងៃរបស់ ចាន់ វឌ្ឍនាកា បានមកដល់ ប៉ុន្តែខ្សែប្រយុទ្ធរូបនេះ ធ្វើមិនបានសម្រេច ដោយទាត់បាល់រំលងរបារទី របូតឱកាសតាមស្មើឱ្យកម្ពុជា។ យ៉ាងណាក៏ដោយ នៅនាទីទី 90 កម្ពុជាទទួលបានបាល់ជ្រុង ហើយ វឌ្ឍនាកា ជាអ្នករ៉ាប់រងបំផ្លោងចូលប្រអប់គ្រោះថ្នាក់ ហើយ ស៊ិន សុផាណាត់ ជាអ្នកបញ្ចប់ទី ដោយយកដងខ្លួនបំបុកបាល់ចូលទី។ លទ្ធផលបញ្ចប់ការប្រកួត កម្ពុជា 1-1 ហុងកុង។
គួររំឭកថា នេះជាលទ្ធផលស្មើគ្នាលើកទី ២ សម្រាប់ក្រុមទាំងពីរ ខណៈ 4ឆ្នាំមុន ធ្លាប់ស្មើគ្នាម្ដង លើវាលស្មៅពហុកីឡដ្ឋានជាតិនេះ។ អ្វីដែលគួរកត់សម្គាល់ អ្នកបំប៉ោងសំណាញ់ទីតាមស្មើឱ្យម្ចាស់ផ្ទះ សុទ្ធតែជាកីឡាករមកពីវិសាខា ដោយកាលពីឆ្នាំ ២០១៩ កែវ សុផេង ជាអ្នករកបានគ្រាប់បាល់ ខណៈប្រកួតនេះ នៅតែជាកីឡាករវិសាខា គឺខ្សែការពារមានជំនាញបញ្ចប់ទី ស៊ិន សុផាណាត់។
កម្ពុជានៅសល់ការប្រកួតមិត្តភាពអន្តរជាតិមួយទៀត នាថ្ងៃទី 11 ខែកញ្ញាខាងមុខ ទល់នឹងក្រុមជម្រើសចិនម៉ាកាវ៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com