គ្រូបង្វឹកក្រុមនារីអេស្ប៉ាញ ត្រូវបណ្ដេញចេញពីដំណែង សង្ស័យពាក់ព័ន្ធរឿងអាស្រូវប្រធានសហព័ន្ធ

គ្រូបង្វឹកក្រុមបាល់ទាត់នារីជម្រើសជាតិអេស្ប៉ាញ លោក Jorge Vilda ដែលដឹកនាំក្រុមលើពានរង្វាន់ជើងឯកពិភពលោកថ្មីៗនោះ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ ដកតំណែងហើយកាលពីថ្ងៃអង្គារ ក្រោយសង្ស័យពាក់ព័ន្ធរឿងអាស្រូវ ជាមួយអតីតប្រធានសហព័ន្ធលោក Luis Rubiales ដែលបានថើបមាត់កីឡាការិនី

Hermoso អំឡុងពិធីប្រគល់ពាន នាទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។

ពាក់ព័ន្ធនឹងរឿងដកគ្រូបង្វឹកក្រុមនារីអេស្ប៉ាញនេះ គេពុំឃើញមានការពន្យល់ឱ្យចំចំនុចពីសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ (RFEF) នោះឡើយ ដោយគ្រាន់តែក្នុងសេចក្តីថ្លែងការណ៍នោះបានសរសេរថា៖ «RFEF ចង់បង្ហាញដល់សង្គមអេស្ប៉ាញ និងដល់ពិភពបាល់ទាត់ទាំងមូល នូវការសោកស្ដាយយ៉ាងជ្រាលជ្រៅបំផុត ចំពោះអ្វីដែលបានកើតឡើង ដែលបានធ្វើឱ្យប៉ះពាល់ដល់ក្រុមជម្រើសជាតិ ពិភពបាល់ទាត់ និងសង្គមរបស់យើង។ វាជាការខូចខាតមួយ ដែលបណ្តាលឱ្យប៉ះពាល់យ៉ាងខ្លាំងដល់បាល់ទាត់អេស្ប៉ាញ វិស័យកីឡា សង្គមជាតិ និងតម្លៃនៃកីឡាបាល់ទាត់»។

លោក Jorge Vilda បានហៅការសម្រេចចិត្តនេះថា ជារឿងអយុត្តិធម៌សម្រាប់លោក។ នេះបើតាមការលើកឡើងរបស់លោក នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធីវិទ្យុ El Larguero របស់ Cadena Ser កាលពីល្ងាចថ្ងៃអង្គារ។

«សហព័ន្ធបានពន្យល់ថា នេះ​គឺ​ជា​ការ​ផ្លាស់​ប្តូរ​រចនាសម្ព័ន្ធ។ នៅក្នុងលក្ខខណ្ឌកីឡា ខ្ញុំព្រមទទួលយកទាំងអស់ ប៉ុន្តែនៅក្នុងលក្ខខណ្ឌផ្ទាល់ខ្លួន ខ្ញុំគិតថា ខ្ញុំត្រូវបានគេធ្វើដាក់យ៉ាងអយុត្តិធម៌។ ខ្ញុំតែងតែប្រព្រឹត្តចំពោះកីឡាករ-ការិនី ប្រកបដោយការគោរព។ រហូតមកដល់សព្វថ្ងៃនេះ គ្មាននរណាម្នាក់បាននិយាយថា ខ្ញុំខុសអ្វីដោយផ្ទាល់ទាល់តែសោះ។ អ្វីៗត្រូវបាននិយាយដោយប្រយោល។ ខ្ញុំ​បាន​តស៊ូ​ដើម្បី​កីឡា​បាល់ទាត់​នារី​អស់​រយៈពេល 17 ឆ្នាំ​មក​ហើយ ដើម្បី​តម្លៃ​នៃ​ការ​គោរព និង​សមភាព»។

រំឭកថា លោក Jorge Vilda ធ្លាប់មានបញ្ហាជាមួយកីឡាការិនីជម្រើសជាតិ កាលពីដើមឆ្នាំ តែក្រោយមកក៏រកបានដំណោះស្រាយ។ តែនៅពេលនេះ ក្រុមការងាររបស់លោក Vilda ត្រូវបានគេដឹងថា បានលាឈប់ ខណៈកីឡាការិនី 81 នាក់ផ្សេងទៀត បដិសេធមិនលេងឱ្យក្រុមអេស្ប៉ាញឡើយ ប្រសិនបើមានលោក Jorge Vilda ជាគ្រូបង្វឹក៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com