ឈុន ប៊ុនថន មិនអាចទៅជុំបន្ទាប់ វិញ្ញាសា 1500ម៉ែត្រ តែបានបំបែកកំណត់ត្រាជាតិ

កីឡាករអត្តពលកម្មជម្រើសជាតិកម្ពុជា ឈុន ប៊ុនថន ម្ចាស់មេដាយមាសស៊ីហ្គេមជាប្រវត្តិសាស្ត្ររបស់កម្ពុជា បានបញ្ចប់ការប្រកួតវិញ្ញាសារត់ចម្ងាយ 1.500ម៉ែត្រ ក្នុងព្រឹត្តិការណ៍ Asian Games លើកទី19 នៅទីក្រុង Hangzhou ប្រទេសចិន នៅព្រឹកថ្ងៃទី30 ខែកញ្ញានេះ ដោយប្រើថិរវេលា 3នាទី និង 59.97វិនាទី។

លទ្ធផលនេះ ប៊ុនថន ពុំបានឈានទៅវគ្គបន្ដនោះទេ តែក៏ប្រកៀកប្រកិតជាមួយគូប្រជែងណាស់ដែរ។ ជាក់ស្ដែងកីឡាករឈរលេខ1 ក្នុងស៊េរី សញ្ជាតិកូរ៉េខាងត្បូង Park Jonghak ប្រើថិរវេលា 3នាទី 55.97វិនាទី ដែលមានគម្លាតពីគ្នា 4វិនាទីគត់។ អ្វីដែលពិសេស ឈុន ប៊ុនថន បានបំបែកកំណត់ត្រាជាតិក្នុងការរត់នេះផងដែរ ដោយធ្វើបានល្អជាងកំណត់ត្រាចាស់របស់លោកគ្រូ គៀង សាម៉ន ដែលធ្លាប់ប្រើថិរវេលា 4នាទី 3វិនាទី។

បែបណាក្ដី​ ឈុន ប៊ុនថន នៅសល់ការប្រកួត 1វិញ្ញាសាទៀត គឺវិញ្ញាសារត់ 800ម៉ែត្រ ដែលគេដណ្ដើមបានមេដាយមាសស៊ីហ្គេម ឆ្នាំ2023 ដោយនឹងត្រូវធ្វើការប្រកួតនាថ្ងៃទី02 ខែតុលា ឆ្នាំ2023 ខាងមុខនេះ។

គួរដឹងថា កម្ពុជាបានបញ្ជូនកីឡាចំនួន 17ប្រភេទទៅដណ្ដើមមេដាយ ក្នុងចំណោមកីឡា 40ប្រភេទ ជាង 400វិញ្ញាសា ដែលម្ចាស់ផ្ទះចិនដាក់ឱ្យប្រកួតប្រជែង។ អត្តពលិក គ្រូបង្វឹក គ្រូជំនួយ គ្រូពេទ្យ និងមន្ត្រីប្រតិភូ មានសរុបប្រមាណជិត 200នាក់ កំពុងមានវត្តមាននៅទឹកដីនៃទីក្រុង Hangzhou សាធារណៈរដ្ឋប្រជាមានិតចិន៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

Asian Games