ក្រុមបាល់ទាត់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី17 ថ្នាក់ខេត្ត ឆ្នាំ2023 មុនគេ បន្ទាប់ពីវាយបកយកឈ្នះក្រុមជើងឯកឆ្នាំចាស់ ភ្នំពេញហ្គាឡាក់ស៊ី ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី គ្រាដែលជំនួបជើងទី1 នៃវគ្គ 8ក្រុមចុងក្រោយ រវាងក្រុមម្ចាស់
ផ្ទះខេត្តព្រះសីហនុ និងក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្ដត្បូងឃ្មុំ បានត្រឹមស្មើគ្នា 2-2។
ខេត្តកំពង់ចាម បន្ទាប់ពីរងបរាជ័យ 1-0 ក្នុងដី កាលពីជើងទី1 ពួកគេធ្វើបានយ៉ាងល្អ សម្រាប់ជំនួបជើងទី2 នៅទីលានវិទ្យាល័យច្បារអំពៅ កាលពីថ្ងៃទី01 ខែវិច្ឆិកា ដោយបានយកឈ្នះ 1-0 វិញ ដែលធ្វើសម្រេចដោយកីឡាករ នៅ ហ្វាអ៊ីលីន នៅនាទី56 ។ ក្រោយបញ្ចប់ការប្រកួតពេញ 180នាទី ដោយលទ្ធផលស្មើគ្នា 1-1 ជំនួបវគ្គ 1/4 ផ្ដាច់ព្រ័ត្រ រវាងក្រុមទាំងពីរ ក៏បានឈានដល់ការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ហើយខេត្តកំពង់ចាម បានទម្លាក់ក្រុមការពារតំណែងជើងឯកភ្នំពេញហ្គាឡាក់ស៊ី ក្នុងលទ្ធផល 4-2 ដើម្បីឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រតែម្ដង។
ដោយឡែកជំនួបជើងទី1 នៃវគ្គ 8ក្រុមចុងក្រោយ រវាងខេត្តព្រះសីហនុ និងខេត្តត្បូងឃ្មុំវិញ ក្រុមតោសមុទ្រព្រះសីហនុ បាននាំមុខក្រុមភ្ញៀវ 1គ្រាប់មុន តាំងពីនាទីទី8 ដែលរកបានដោយកីឡាករ ផេង ឆាយហៀង មុនត្បូងឃ្មុំ វាយបកតាមស្មើ ដោយកីឡាករ ម៉ើល ចាន់រ៉ា នៅនាទី69 ។ បន្ទាប់មកការប្រកួតក៏បានអូសបន្លាយដល់ចុងម៉ោង ទើបខេត្តព្រះសីហនុ រកបានគ្រាប់នាំមុខជាថ្មី ដោយកីឡាករ ព្រុំ វិសាល នៅនាទី85 តែ 3នាទីក្រោយមក ត្បូងឃ្មុំ ក៏វាយបកតាមស្មើជាថ្មី ដោយកីឡាករ ម៉ើល ចាន់រ៉ា ដដែលនៅនាទី88 ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួត។
យ៉ាងណាក្ដីក្រុមទាំងពីរ នៅសល់ការប្រកួតជើងទី2 រយៈពេល 90នាទីទៀត ដែលខេត្តត្បូងឃ្មុំ ត្រូវបើកទ្វារផ្ទះទទួលខេត្តព្រះសីហនុវិញម្ដង នាថ្ងៃទី10 ខែវិច្ឆិកាខាងមុខ ដើម្បីកាត់សេចក្ដីរកក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ-ថ្នាក់ខេត្ត ជាមួយខេត្តកំពង់ចាម៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com