ក្រុម Top 4 នៅលីគកំពូល ចាប់ផ្ដើមយុទ្ធនាការ ពានសម្ដេចតេជោស្អែកនេះ

បន្ទាប់ពីឆ្លងកាត់ការប្រកួត 2ដំណាក់កាល គឺពានថ្នាក់ខេត្ត និងវគ្គជម្រុះថ្នាក់ជាតិ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឬពាន Hun Sen Cup លើកទី17 ឆ្នាំ2023/24 នឹងចាប់ផ្ដើមការប្រកួតថ្នាក់ជាតិ នៅថ្ងៃទី10 ខែមករា ឆ្នាំ2024 សម្រាប់វគ្គ 16ក្រុមចុងក្រោយ ជើងទី1 ចំនួន 4ប្រកួត នៅទីលានចំនួន 4ផ្សេងៗគ្នា ។ សម្រាប់គូប្រកួតបើកឆាក

រដូវកាលថ្មី នៃពានសម្ដេចតេជោ-ថ្នាក់ជាតិនេះ រួមមានក្រុមកំពូលតារាងលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង ត្រូវបើកទ្វារផ្ទះ ទទួលក្រុមខេត្តបន្ទាយមានជ័យ ដែលជាខេត្តទើបទទួលបានជ័យជម្នះ ក្នុងវគ្គជម្រុះថ្នាក់ជាតិ នាវេលាម៉ោង 6ល្ងាច ថ្ងៃទី10-មករា នៅកីឡដ្ឋានខេត្តស្វាយរៀង ។

ចំណែកក្រុមជើងឯកពានសម្ដេចតេជោ-ថ្នាក់ខេត្ត គឺក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម ត្រូវជួបក្រុមការពារតំណែងជើងឯកវិសាខា នៅទីលានវិទ្យាល័យព្រះសីហនុ ខណៈក្រុមជើងឯករង ខេត្តត្បូងឃ្មុំ ត្រូវជួបក្រុមខ្លាំងភ្នំពេញក្រោន នៅទីលានវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេមត់ នាម៉ោង 3៖30នាទីរសៀលដូចគ្នា ។

ដោយឡែកក្រុមក្របខណ្ឌលីគទី2 អង្គរស៊ីធីអេហ្វស៊ីវិញ នឹងត្រូវជួបក្រុមកំពុងឡើងជើង ISI ដង្កោសែនជ័យ នៅកីឡដ្ឋានហនុមាន ខេត្តសៀមរាប នាម៉ោង ៣៖៣០នាទីរសៀលដូចគ្នា នាថ្ងៃទី10 ខែមករា ឆ្នាំ2024 ហើយគ្រប់ការប្រកួតនេះ នឹងមានផ្សាយផ្ទាល់ពីក្រុមការងារទូរទស្សន៍ BTV-News ។

នេះគឺជាកម្មវិធីប្រកួតជើងទី1 នៃវគ្គ 16ក្រុមចុងក្រោយ ក្នុងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ ។ រីឯការប្រកួតជើងទី1 ចំនួន 4ប្រកួតផ្សេងទៀត គ្រោងនឹងធ្វើការប្រកួតនាថ្ងៃទី17 ខែមករា ។ បន្ទាប់មកទើបឈានដល់ការប្រកួតជើងទី2 ដែលនឹងធ្វើឡើងនាថ្ងៃទី24 ខែមករា និងថ្ងៃទី31 ខែមករា ឆ្នាំ2024 ដើម្បីកាត់សេចក្ដីរកក្រុមឈ្នះឡើងទៅវគ្គ 8ក្រុមចុងក្រោយតែម្ដង ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com