ចប់ជុំទី 2 CPL ព្រះខ័នរាជស្វាយរៀង សល់គម្លាតពីភ្នំពេញក្រោន 2ពិន្ទុ

ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា Cambodian Premier Leaguer 2023/24 បានបញ្ចប់ជុំទី2 ហើយ ដោយក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង នាំមុខក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន ត្រឹម 2ពិន្ទុប៉ុណ្ណោះ តែវ៉ាដាច់ឆ្ងាយពីគូប្រជែង ក្នុងនោះនាំមុខក្រុមឈរលេខ3 វិសាខា រហូតដល់ 12ពិន្ទុឯណោះ ។

ព្រះខ័នរាជស្វាយរៀង បានបន្ថយគម្លាតពិន្ទុពីគូប្រជែង ពីសេសក្រុមភ្នំពេញក្រោន បន្ទាប់ពីប្រកួតស្មើក្រុមភ្ញៀវបឹងកេត ៣-៣ កាលពីចុងសប្ដាហ៍កន្លងទៅ ។ ជំនួបជើងទី២ នៅកីឡដ្ឋានស្វាយរៀងនេះ ម៉ាត់ នូរុណ បានរកគ្រាប់បាល់នាំមុខឲ្យបឹងកេត 1គ្រាប់មុន នៅនាទី22 មុនខ្សែប្រយុទ្ធកំពូលក្បាល Marcus Haber រកបានគ្រាប់តាមស្មើឲ្យម្ចាស់ផ្ទះ ដោយការទាត់បាល់ពិន័យ 11ម៉ែត្រ នៅនាទី45+2 ។

ចូលវគ្គទី2 ក្រុមទាំងពីរ បានបន្ថែមការវាយសម្រុកគ្នាកាន់តែខ្លាំង ខណៈក្រោយចាប់ផ្ដើមបាន 2នាទី កីឡាករកូនកាត់ ថេឡរ ឌឿន នីកូឡាស ក៏រកគ្រាប់បាល់នាំមុខឲ្យក្រុមព្រះខ័នរាជស្វាយរៀងវិញ 2-1 នៅនាទី47 តែមិនទាន់បាន 10នាទីស្រួលបួលផង ម៉ាត់ នូរុណ ក៏រកបានគ្រាប់តាមស្មើឲ្យបឹងកេតវិញ នៅនាទី56 ។ រហូតដល់ចុងម៉ោង ទើបកីឡាករ ប្រាក់ មុន្នីឧត្តម ស៊ុតគ្រាប់ទី3 ឲ្យក្រុមព្រះខ័នរាជស្វាយរៀង នៅនាទី89 តែនៅម៉ោងបន្ថែម ដោយសារការបង្កកំហុសក្នុងប្រអប់ទីរបស់ខ្សែការពារក្រុមម្ចាស់ផ្ទះ ក៏នាំឲ្យបឹងកេត មានឱកាសរកគ្រាប់តាមស្មើ ដោយការទាត់បាល់ពិន័យ 11ម៉ែត្ររបស់កីឡាករ ចាន់ វឌ្ឍនាកា នៅនាទី90+5 ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតតែម្ដង ។

ចំណែកក្រុមភ្នំពេញក្រោនវិញ បានតាមក្រុមកំពូលតារាងកាន់តែប្រកៀកប្រកិតពិន្ទុគ្នា បន្ទាប់ពីយកឈ្នះក្រុមគិរីវង់សុខសែនជ័យ លើកទឹកដីខ្លួនវិញ 4-1 ក្រោយរងបរាជ័យ 1-0 កាលពីជើងទី1 ។ គ្រាប់បាល់ជ័យជម្នះរបស់ក្រុមសិង្ហក្រហម ក្នុងជំនួបជើងទី2 នេះ ធ្វើសម្រេចដោយកីឡាករ Yudai Ogawa នៅនាទី45+3, កីឡាករ Andres Nieto នៅនាទី51, កីឡាករ Denilson នៅនាទី84 និងកីឡាករ Soe Moe Kyaw នៅនាទី90+3 គ្រាដែល 1គ្រាប់របស់ក្រុមភ្ញៀវគិរីវង់ រកបានដោយកីឡាករ Neville Mbanwei Tengeg នៅនាទី61 ។

តាមរយៈជ័យជម្នះ ក្នុងជំនួបបញ្ចប់ជុំទី2 នេះ ក្រុមព្រះខ័នរាជស្វាយរៀង បានបន្ដឈរកំពូលតារាង ដោយមាន 44ពិន្ទុ ខណៈភ្នំពេញក្រោន ឈរលេខ2 មាន 42ពិន្ទុ ។ ចំណែកក្រុមបឹងកេត បានបន្ដឈរលេខ4 ដោយរកបាន 25ពិន្ទុ បន្ទាប់ពីគូប្រជែងដ៏សំខាន់ គឺក្រុម ISI ដង្កោសែនជ័យ រងបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះកងយោធពលខេមរភូមិន្ទ 4-0 នាំឲ្យ ISI ធ្លាក់ទៅឈរលេខ6 ខណៈកងយោធពលខេមរភូមិន្ទ ឡើងមកឈរលេខ5 ដោយមាន 24ពិន្ទុស្មើគ្នា ។ រីឯក្រុមវិសាខា បានបន្ដឈរលេខ3 ដោយមាន 32ពិន្ទុក្នុងដៃ បន្ទាប់ពីយកឈ្នះក្រុមព្រៃវែងអេហ្វស៊ី 3-1 លើទឹកដីរបស់ខ្លួន ខណៈណាហ្គាវើលដ៏ បានរំកិលមកឈរលេខ7 បន្ទាប់ពីយកឈ្នះអង្គរថាយហ្គឺរ 4-1 នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com