Pep ថា Man City ត្រូវតែបង្កើនកម្រិតលេង ក្រោយចាញ់ Brighton
លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ក្រុម Manchester City បាននិយាយថា ក្រុមរបស់លោក ត្រូវតែបង្កើនកម្រិតលេងសម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ ក្រោយពីក្រុម Brighton បានវាយបកដើម្បីផ្តួលក្រុមរបស់លោក នៅកីឡដ្ឋាន Amex កាលពីថ្ងៃអង្គារ។
Man City ម្ចាស់ជើងឯកថ្មីនៃក្របខ័ណ្ឌ Premier League ដែលនឹងត្រូវប៉ះជាមួយនឹងក្រុម Chelsea ក្នុងវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌអឺរ៉ុប នាថ្ងៃទី២៩ ខែឧសភា នោះ បានខ្ជះខ្ជាយគ្រាប់បាល់នាំមុខ២គ្រាប់ មុននឹងចាញ់ក្នុងលទ្ធផល ៣-២ ពីមុខអ្នកគាំទ្រចំនួន ៧ ៤៩៥ នាក់។ លោក Guardiola ដែលក្រុមរបស់លោកបានលេងជាមួយនឹងសមាជិកត្រឹមតែ១០នាក់តាំងពីតង់ទី១ ក្រោយពី Joao Cancelo បានរងពិន័យកាតក្រហម បានឲ្យដឹងថា៖ «គ្នា១១នាក់លេងនឹងគ្នា១១នាក់ដូចជាក្រុម Brighton ពិតជាតានតឹង គ្នា១១នាក់លេងនឹង១០នាក់ កាន់តែលំបាក ហេតុនេះ យើងត្រូវតែបង្កើនកម្រិតលេង សម្រាប់វគ្គផ្តាច់ព្រ័ត្រ»។ ជាមួយគ្នានេះ លោក Guardiola ក៏មានការបារម្ភលើរបួសកីឡាករផងដែរ ក្រោយពីខ្សែបម្រើ Ilkay Gundogan ត្រូវបានបង្ខំចិត្តប្តូរចេញ នៅនាទី ទី៥៦ បន្ទាប់ពីរកបានគ្រាប់បាល់បើកឆាក។ លោក Guardiola បានប្រាប់ទូរទស្សន៍ BT Sport ថា៖ «រូបគេមានបញ្ហារបួសបន្តិច។ គ្រាន់តែជារបួសតិចតួចប៉ុណ្ណោះ រូបគេបានចាប់ផ្តើមលេងនៅតង់ទី២ ហើយរូបគេមានបញ្ហារបួសសាច់ដុំ ដោយសារតែរូបគេមិនអាចរត់ឲ្យបានស្រួល ហើយនោះគឺជាមូលហេតុដែលមានការប្តូរចេញ»៕
ប្រភពព័ត៌មាន៖ BBC
Comments are closed.