ការចាប់ចត្តាឡីស័កតារាឆ្នើម5នាក់ ធ្វើឲ្យ Bayern ឈឺក្បាល មុន CL រាត្រីនេះ
ក្រុម Bayern Munich នឹងត្រូវលេងដោយគ្មានតារាឆ្នើម5នាក់ ដោយសារតែជាប់ធ្វើចត្តាឡិស័ក ក្នុងនោះរាប់បញ្ចូលទាំងខ្សែបម្រើដ៏មានឥទ្ធិពល Joshua Kimmich ផងដែរ ក្នុងការប្រកួតក្របខ័ណ្ឌ Champions League ស្របពេលដែលការអវត្តមារបស់តារាឆ្នើមរូបនេះ នាំឲ្យការពិភាក្សាគ្នាយ៉ាងក្តៅគគុក ក្នុងប្រទេសអាល្លឺម៉ង់ ក្រោយពីបានបដិសេធមិនចាក់វ៉ាក់សាំងការពារកូវីដ 19។
ក្រុមយក្សរបស់អាល្លឺម៉ង់មួយនេះ បានឈ្នះកៅអីទៅលេងក្នុងវគ្គ16ក្រុមចុងក្រោយរួចជាស្រេច ក្នុងនាមជាក្រុមឈរលេខ1ក្នុងពូល E នៅមុនពេលការប្រកួតនៅរាត្រីនេះ នៅលើទឹកដីក្រុមបាតតារាង Dynamo Kiev។ ប៉ុន្តែ Kimmich ដែលបានបដិសេធក្នុងការទទួលការវាក់វ៉ាក់សាំង់ដោយសារតែកង្វល់ផ្ទាល់ខ្លួន ត្រូវបានធ្វើចត្តាឡីស័កកាលពីថ្ងៃសុក្រ ជាលើកទី2 នៅខែនេះ ក្រោយពីបានប៉ះពាល់ផ្ទាល់ជាមួយនឹងអ្នកដែលតេស្តឃើញលទ្ធផលវិជ្ជមាន។ កាលពីថ្ងៃអាទិត្យ ក្លិប Bayern បានប្រកាសថា កីឡាករដែលមិនចាក់វ៉ាក់សាំងរបស់ខ្លួនផ្សេងទៀតរួមមាន Serge Gnabry, Jamal Musiala, Eric Maxim Choupo-Moting និង Michael Cuisance ក៏ជាប់ធ្វើចត្តាឡីស័កផងដែរ ដោយសារតែការផ្ទុះការឆ្លងវីរុសកូវីដ 19 ជាថ្មី។ ការមានកីឡាករ៥នាក់ អវត្តមាន ដោយសារតែជម្រើសផ្ទាល់ខ្លួនរបស់ពួកគេ គឺជាបញ្ហាដ៏ឈឺក្បាលរបស់ Bayern នៅមុនពេលធ្វើដំណើរទៅកាន់អ៊ុយក្រែន។ លោក Julian Nagelsmann ដែលជាគ្រូបង្វឹក បាននិយាយកាលពីសប្តហ៍មុនថា៖ «វាគឺជារឿងដ៏រំខានមួយ»៕
ប្រភពព័ត៌មាន៖ AFP
Comments are closed.