Gotze ចូលរួមជាមួយ PSV
ក្រុងអាំស្ទែរដាំ: កីឡាករគ្មានតម្លៃខ្លួន Mario Goetze ដែលជាអ្នកស៊ុតបញ្ចូលទីគ្រាប់ជ័យជម្នះឱ្យក្រុមឥន្ទ្រីដែកអាល្លឺម៉ង់ ក្នុងវគ្គផ្ដាច់ព្រ័ត្រ World Cup 2014 បានព្រមព្រៀងចុះហត្ថលេខាលេងក្រុម PSV Eindhoven រយៈពេល ២ ឆ្នាំ។ នេះបើតាមការឱ្យដឹងពីក្លិបយក្សនៅហូឡង់។
ខ្សែបម្រើប្រយុទ្ធវ័យ ២៨ ឆ្នាំ ដែលបានចូលលេងឱ្យក្រុមជម្រើសជាតិ ៦៣លើក ត្រូវបានដោះលែងដោយក្រុម Borussia Dortmund ក្នុងខែមិថុនា ដោយសារធ្លាក់ទម្រង់លេង និងញាំញីដោយរបួស។
កីឡាករ Goetze ចាប់កំណើតចេញពីក្រុមថ្នាលរបស់ក្លិប Dortmund តែបានផ្លាស់ទៅកាន់ក្រុមគូប្រជែង Bayern Munich កាលពីឆ្នាំ២០១៣។ រូបគេបានត្រឡប់មកកាន់ក្លិបនៅទឹកដី Ruhr Valley នេះវិញ ក្នុងឆ្នាំ ២០១៦ តែមិនអាចដណ្ដើមបានកន្លែងលេងទៀងទាត់ ១ ឡើយ ដូច្នេះ ក៏ត្រូវបានអនុញ្ញាតិឱ្យរកទ្រនំថ្មី ពេលផុតកុងត្រា។
ការមកដល់របស់ Goetze គឺជាជោគជ័យ ១ សម្រាប់ក្រុម PSV ដែលតែងតាំងបុរសអាល្លឺម៉ង់ Roger Schmidt ជាគ្រូបង្វឹក នៅបញ្ចប់រដូវកាលមុន និងបានទិញ Adrian Fein ដែលជាមិត្តរួមជាតិរបស់ Goetze ពីក្រុម Bayern ព្រមទាំងនាំយកខ្សែបម្រើ Marco van Ginkel ពីក្រុម Chelsea មុនទីផ្សារដោះដូរកីឡាករបិទទ្វារ កាលពីថ្ងៃចន្ទ។
ពាក់ព័ន្ធនឹងការផ្លាស់ប្ដូររបស់ខ្លួន Gotze បាននិយាយថា៖ «ខ្ញុំបន្តការហ្វឹកហាត់ និងធ្វើឱ្យខ្លួនរឹងមាំជានិច្ច ដើម្បីត្រៀមប្រឈមនឹងដំណើរផ្សងព្រេងថ្មីមួយ។ ខ្ញុំទន្ទឹងរង់ចាំចូលរួមជាមួយមិត្តរួមក្រុមថ្មី ដើម្បីធ្វើការហាត់សមពេញលេញ និងត្រៀមខ្លួនឱ្យរួចរាល់ សម្រាប់ការប្រកួតនាពេលខាងមុខ»។
ក្រុម PSV មានជំនឿថា ពួកគេ បាននាំយកកីឡាករដ៏មានសមត្ថភាពម្នាក់ ដែលនឹងមករួមចំណែកយ៉ាងធំធេងជួយក្លិប ដោយនាយកកីឡារបស់ក្លិប លោក John de Jong បានអធិប្បាយការមកដល់នេះ ថាជា «ការប្រទានពីព្រះជាម្ចាស់»។
លោកនាយកកីឡារូបនោះ ប្រាប់ឱ្យដឹងបន្ថែមតាមរយៈវេបសាយផ្លូវការរបស់ក្លិបខ្លីៗថា៖ «យើងរីករាយ ដែលគេព្រមចុះកុងត្រាជាមួយក្លិប PSV។ យើងមានមោទនភាពណាស់»។
Goetze ត្រូវបានគេដឹងថា មានភ្ជាប់ទំនាក់ទំនងជាមួយក្លិបកំពូលៗ នៅអឺរ៉ុបមួយចំនួន ទោះជាគេប្រាប់ថា ការរាយការណ៍របស់បណ្ដាញសារត៌មាន នៅអាល្លឺម៉ង់ភាគច្រើន គឺកុហកទាំងស្រុងក៏ដោយ៕ AFP/VN