លោក Ryu Hirose បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងផ្តោតលើការគ្រប់គ្រងបាល់ឲ្យបានច្រើន និងបើកការវាយសម្រុកឲ្យខ្លាំង ពេលប៉ះក្រុមជម្រើសជាតិឡាវ ក្នុងព្រឹត្តិការណ៍ AFF Suzuki Cup ឆ្នាំ២០២០ នាកីឡដ្ឋាន Bishan ប្រទេសសិង្ហបុរី
នៅរសៀលនេះ ចាប់ពីម៉ោង ៤:៣០ តទៅ។ ក្រោយពីចាញ់ក្នុងការប្រកួតបើកឆាក២លើកដំបូងរបស់ខ្លួនក្នុងពូល B ការដណ្តើមបានជ័យជម្នះនៅរសៀលនេះ នឹងផ្តល់នូវការជឿជាក់មួយសម្រាប់ពួកគេក្នុងការមានឱកាសដ៏ស្តួចស្តើងក្នុងការទៅវគ្គបន្ត ស្របពេលដែលការវាយសម្រុកគឺជាផែនការប្រកួតរបស់លោក Ryu។ គ្រូបង្វឹកសញ្ជាតិជប៉ុនរូបនេះ បានឲ្យដឹងថា៖ «នេះគឺជាការប្រកួតមួយដែលយើងមានឱកាសដ៏ល្អក្នុងការឈ្នះជាលើកដំបូងរបស់យើង ហើយគឺជាគោលរបស់យើង។ សម្រាប់យើង វាមានតុល្យភាពរវាងតំបន់ប្រយុទ្ធ និងការពារ ប៉ុន្តែ យើងចង់ដាក់សម្ពាធលើទីតាំងប្រយុទ្ធ ដើម្បីគ្រប់គ្រងបាល់ឲ្យបានច្រើន»។ លោកបានបន្ថែមទៀតថា៖ «ការគ្រប់គ្រងបាល់មិនមែនតែនៅតំបន់ប្រយុទ្ធឡើយ ប៉ុន្តែ គ្រប់តំបន់ទាំងអស់នៅលើទីលានប្រកួត។ យើងចង់ចាប់ផ្តើមរៀបតាំងពីតំបន់ការពារ និងគ្រប់គ្រង់ការប្រកួតគ្រប់តំបន់ទាងអស់ នៅលើទីលាន ពេលប្រកួតជាមួយគូប្រជែងណាក៏ដោយ»៕
ប្រភពព័ត៌មាន៖ AFF Suzuki Cup