លោក Ryu Hirose គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានចាត់ទុកការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៣-០ ក្នុងការប្រកួតជុំទី៣ក្នុងពូល B នាព្រឹត្តិការណ៍ AFF Suzuki Cup ឆ្នាំ២០២០ នាកីឡដ្ឋាន Bishan ក្នុងប្រទេសសិង្ហបុរី កាលពីថ្ងៃពុធ និងបានជំរុញឲ្យក្រុមគោព្រៃរបស់លោក បន្តទម្រង់លេងបែបនេះ។
គ្រាប់បាល់ស៊ុតបញ្ចូលទី២គ្រាប់នៅតង់ទី១ពីខ្សែប្រយុទ្ធចាន់ វឌ្ឍនាកា និងគ្រាប់ទៀត១កីឡាករសៀង ចន្ធា បានបំពេញជ័យជម្នះជាលើកដំបូងសម្រាប់ក្រុមកម្ពុជា ក្នុងព្រឹត្តិការណ៍ប្រចាំតំបន់នេះតែម្តង។ ទោះបីជាយ៉ាងណា ក្រុមជម្រើសជាតិកម្ពុជា គួរតែអាចរកបានគ្រាប់បាល់ច្រើនជាងនេះ ក្រោយពីបានបង្កើតឱកាសជាច្រើនទាំងនៅក្នុងតង់ទី១ និងតង់ទី២។ លោក Hirose បានចាត់ទុកជ័យជម្នះនេះ គឺជាការបោះជំហានទៅមុខមួយជំហានទៀតក្នុងបដិវត្តន៍របស់ក្រុមលោក។ លោកបានឲ្យដឹងថា៖ «ខ្ញុំពិតជារីករាយណាស់ចំពោះការឈ្នះនេះ ហើយនេះគឺជាការប្រកួតមួយដែលយើងអាចរក្សាការគ្រប់គ្រង់បាល់បានច្រើន។ យើងក៏បានស៊ុតបាល់បញ្ចូលទីយ៉ាងល្អ និងការពារមិនឲ្យមានគ្រាប់ចូលទីរបស់ខ្លួនផងដែរ។ គ្រូបង្វឹកសញ្ជាតិជប៉ុនរូបនេះ បានបន្ថែមទៀតថា៖ «យើងចង់រក្សាការគ្រប់គ្រងបាល់ឲ្យបានច្រើន ស៊ុតបាល់បញ្ចូលទី និងលេងក្នុងខ្សែបន្ទាត់ខ្ពស់ ដោយមិនខ្វល់ពីគូប្រកួត ហើយយើងនឹងបន្តធ្វើបែបនេះ ក្នុងការប្រកួតចុងក្រោយរបស់យើងពេលប៉ះវៀតណាម»៕
ប្រភពព័ត៌មាន៖ AFF Suzuki Cup