លោក Jurgen Klopp បាននិយាយថា លោកពិតជាយល់ស្របជាមួយនឹងអ្នកគាំទ្ររបស់ Liverpool ដែលបានរំពឹងទុកថា ក្រុមនេះ នឹង «ហោះហើរម្តងទៀត» នៅរដូវកាលនេះ ប៉ុន្តែ បានបញ្ជាក់ថា ទម្រង់លេងរបស់ពួកគេមិនអន់ដូចដែលមានការរិះគន់ឡើយ។ Liverpool បានជួបលទ្ធផលដ៏ខកចិត្តបំផុតនៅដើមរដូវកាលនេះនៃក្របខ័ណ្ឌ
Premier League ក្នុងរយៈពេល1ទសវត្សរ៍កន្លងមកនេះ និងកំពុងតែដេញតាមពីក្រោយក្រុមកំពុងនាំមុខ Arsenal រហូតដល់ទៅ14ពិន្ទុ ក្រោយពីបានរងបរាជ័យនៅកីឡដ្ឋាន Emirates កាលពីថ្ងៃអាទិត្យ។ បញ្ហារបស់លោក Klopp បានបន្ត ក្រោយពីការប្រកួតនេះ ខណៈដែលខ្សែបម្រើស្លាប Luis Diaz នឹងត្រូវអវត្តមានរហូតដល់8សប្តាហ៍ ដោយសារតែរបួសជង្គង់ ខ្សែការពារ Trent Alexander-Arnold នឹងត្រូវអវត្តមាន2សប្តាហ៍ ដោយសារតែរបួសកជើង ហើយខ្សែការពារ Joel Matip ត្រូវអវត្តមាន2សប្តាហ៍ដែរ ដោយសារតែរបួសកំភួនជើង។ ខ្សែបម្រើ Jordan Henderson ក៏ស្ថិតក្រោមការស៊ើបអង្កេតពីសហព័ន្ធកីឡាបាល់ទាត់អង់គ្លេសផងដែរ ក្រោយពីការប៉ះទង្គិចពាក្យសម្តីជាមួយនឹងខ្សែការពារ Gabriel Magalhaes របស់ Arsenal ប៉ុន្តែ លោក Klopp បានបញ្ជាក់ថា ប្រធានក្រុមរបស់លោក កំពុងតែត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតជាមួយនឹង Rangers ក្នុងក្របខ័ណ្ឌ Champions League នៅរាត្រីនេះ។ មុនពេលការប្រកួតដ៏សំខាន់នេះ លោក Klopp បានសន្យាថា៖ «ខ្ញុំមិនអាចសន្យាបានថា យើងនឹងហោះហើរនៅថ្ងៃស្អែកឡើយ ប៉ុន្តែ យើងនឹងប្រយុទ្ធរហូតទាល់តែមានគេប្រាប់ថា ការប្រកួតនេះបញ្ចប់ហើយ»៕
ប្រភពព័ត៌មាន៖ The Guardian